ក្រុមជំនុំនៅទីក្រុងកូឡូសត្រូវបានរងឥទ្ធិពលដោយគ្រូបង្រៀនខុសឆ្គង (គ្រូបង្រៀនក្លែងក្លាយ) ដែលបានគាំទ្រលើការអនុវត្តសាសនាដ៏ជាក់លាក់មួយដែលចាំបាច់សម្រាប់ភាពចាស់ទុំខាងវិញ្ញាណ។ នៅក្នុងកណ្ឌគម្ពីរកូឡូស ២:៨ សាវ័កប៉ូល បានព្រមានក្រុមជំនុំឱ្យប្រឆាំងនឹងគ្រូខុសឆ្គងទាំងនេះដែលទាក់ទាញពួកគេ។ សាវ័កប៉ូល បានបដិសេធការអនុវត្តទាំងនេះថាជាការមានគ្រោះថ្នាក់ដល់សុខភាពខាងវិញ្ញាណរបស់ក្រុមជំនុំ ពីព្រោះគ្រូបង្រៀនខុសឆ្គងទាំងនេះនឹងបង្វែរពួកគេចេញពីភាពចាស់ទុំខាងវិញ្ញាណ ។
វាមិនគួរធ្វើឱ្យយើងភ្ញាក់ផ្អើលទេដែលការអនុវត្តសាសនាទាំងនេះគឺជាចំណុចកណ្តាលនៃសាសនា ផ្សេងៗទៀតនៅក្នុងពិភពលោក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យសោកស្តាយនោះគឺថា សាសនាទាំងនោះមានរឿងដូចគ្នាភាគច្រើនក្នុងគ្រីស្ទសាសនាក្នុងរយៈពេល ២០០០ ឆ្នាំកន្លងទៅនេះ! វាហាក់បីដូចជាក្រុមជំនុំភាគច្រើនមិនដែលអានបទគម្ពីរនេះទេ (ប៉ុន្តែមានមនុស្សជាច្រើនផ្សេងទៀតចូលចិត្តបទគម្ពីរនេះ)!
ប្រសិនបើលោកអ្នកចង់ឲ្យមានភាពចាស់ទុំខាងវិញ្ញាណ លោកអ្នកត្រូវតែចេះកំណត់ពីការអនុវត្តរបស់សាសនាទាំងនេះ ត្រូវតែចេះប្រឆាំងជាមួយអ្នកដែលគាំទ្រការអនុវត្តទាំងនេះ ហើយកាត់វាចេញពីជីវិតរបស់លោកអ្នក។ ដូច្នេះ ការបង្រៀននេះ (ដូចជាអត្ថបទគម្ពីរនេះ) មានលក្ខណៈដូចជាអវិជ្ជមាន ប៉ុន្តែវាជាការបង្រៀនដែលចេញពីសេចក្តីស្រឡាញ់ និងភក្ដីភាពដែលមានចំពោះព្រះយេស៊ូវ មិនមែនចេញពីបំណងអាក្រក់ ឬភាពខ្ពង់ខ្ពស់ជាងគេនោះឡើយ។
ពិធីបុណ្យផ្សេងៗដែលសាវ័កប៉ូល បានសរសេរទុកនៅក្នុងកណ្ឌគម្ពីរកូឡូស ២:១៦ គឺជាពិធីបុណ្យដែលកំណត់ដោយព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ បញ្ញត្តិពីរឿងចំណីអាហារ និងថ្ងៃបរិសុទ្ធផ្សេងៗនៃប្រតិទិនរបស់ជនជាតិយូដា គឺជាផ្នែកមួយនៃវិធីទាំងមូលដែលមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ (ផ្តោតទៅលើការថ្វាយយញ្ញបូជាតាមរយៈបូជាចារ្យ) ដែលជាពិធីបុណ្យខាងសាសនា។ តាមរយៈពិធីបុណ្យខាងសាសនានេះ ខ្ញុំមានន័យសំដៅទៅលើការទាក់ទងជាមួយនឹងព្រះជាម្ចាស់ជាចម្បងតាម រយៈពិធីបុណ្យផ្សេងៗដែលបានកំណត់ទុក។ គ្រិស្តបរិស័ទនៅទីក្រុងកូឡូស មិនបានអនុវត្តពិធីបុណ្យខាងសាសនាទាំងនេះឡើយ – ប៉ុន្តែគ្រូបង្រៀនខុសឆ្គងកំពុងផ្កោលទោសពួកគេថាគ្មានភាពចាស់ទុំខាងវិញ្ញាណ ដោយសារតែពួកគេមិនអនុវត្តពិធីបុណ្យសាសនាទាំងនេះ ហើយបន្ទាប់មកពួកគេ (ក្រុមជំនុំនៅទីក្រុងកូឡូស) បានវង្វេង។
ការនិយមអំពីពិធីបុណ្យផ្សេងៗ គឺជាធាតុផ្សំដ៏សំខាន់នៃសាសនានៅលើពិភពលោកស្ទើរតែទាំងអស់ លើកលែងតែគ្រិស្តសាសនាប៉ុណ្ណោះ។ ជាការពិតណាស់ និកាយផ្សេងៗជាច្រើនរបស់ «គ្រិស្តបរិស័ទ» មានការនិយមទៅលើពិធីបុណ្យសាសនាខ្លាំងបំផុត។
ហេតុអ្វីបានជាសាវ័កប៉ូល ព្រមានយើងទាំងអស់គ្នាឲ្យប្រឆាំងជាមួយនឹងការនិយមធ្វើពិធីបុណ្យខាងសាសនា? ចម្លើយមាននៅក្នុងខបន្ទាប់ គឺ កូឡូស ២:១៧ ។ ពិធីបុណ្យខាងសាសនាមានភាពស៊ីជម្រៅជាមួយនឹងអ្វីដែលព្រះជាម្ចាស់កំពុងធ្វើ ព្រោះវាផ្តោតទៅលើ «ស្រមោល» ជំនួសឱ្យ «ខ្លឹមសារ» ឬ «ការពិត»។ ពិធីទាំងនេះ គឺជា «ស្រមោល» របស់ព្រះគ្រិស្ត ។ ប្រព័ន្ធនៃពិធីខាងសាសនានៅក្នុងគម្ពីរសញ្ញាចាស់ទាំងមូល គឺជាបទបង្ហាញពហុប្រព័ន្ធផ្សព្វផ្សាយដែលបណ្តាលមកពីព្រះជាម្ចាស់ ដែលបង្ហាញពីរូបភាពនៃបំណងព្រះហឫទ័យរបស់ព្រះអង្គក្នុងការគង់នៅជាមួយប្រជារាស្ដ្ររបស់ទ្រង់ នៅក្នុង(រោងឧបោសថ) អំពើបាបរបស់ពួកគេដែលបានរារាំងរឿងនេះ (របាំងផ្សេងៗ និងវាំងនន) និងការអត់ទោសនាពេលអនាគតរបស់ទ្រង់តាមរយៈការសុគតរបស់ព្រះគ្រិស្ត ដែលនឹងធ្វើឱ្យទ្រង់អាចចូលទៅគង់នៅក្នុងយើងបាន (បូជាចារ្យ & យញ្ញបូជា)។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យប្រជារាស្ដ្ររបស់ទ្រង់ចងចាំជានិច្ចអំពីបញ្ហាសំខាន់ទាំងនេះ។
ប៉ុន្តែឥឡូវនេះ «ស្រមោល» ត្រូវបានបំពេញដោយ «ការពិត»--នោះគឺទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងព្រះជាម្ចាស់ តាមរយៈព្រះគ្រិស្ត (កូឡូស ១:២៧) -- «ព្រះគ្រិស្តគង់នៅក្នុងលោកអ្នក»។ សាវ័កប៉ូល បានបញ្ជាក់ពីចំណុចដូចគ្នានេះនៅក្នុង កាឡាទី ៤:៤-៦។ តាមរយៈការសុគតរបស់ទ្រង់ ព្រះយេស៊ូ បានប្រទាននូវការអត់ទោសដ៏ពេញលេញដល់យើង និងទទួលយើងធ្វើជាកូនចូលទៅក្នុងគ្រួសាររបស់ព្រះអង្គ ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់អាចសណ្ឋិតនៅក្នុងយើង ហើយយើងក៏អាចទាក់ទងជាមួយទ្រង់ផ្ទាល់ក្នុងនាមទ្រង់ជា «អប្បា/ព្រះបិតា» របស់យើង។ នៅពេលដែលយើងទទួលព្រះគ្រិស្ត ព្រះជាម្ចាស់ប្រទានអំណោយទាំងនេះដល់យើងជារៀងរហូត។ លោកអ្នកអាចទាក់ទងជាមួយនឹងព្រះជាម្ចាស់បាន គ្រប់ទីកន្លែងដែលលោកអ្នកនៅ ដោយមានសុវត្ថិភាពក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ចែករំលែកបញ្ហា និងសេចក្តីអំណររបស់លោកអ្នក សុំទ្រង់ឲ្យជួយនៅពេលដែលអ្នកមានតម្រូវការ និងអរព្រះគុណទ្រង់ចំពោះការចូលរួមរបស់ទ្រង់នៅក្នុងជីវិតរបស់លោកអ្នក ...។ល។...ឥឡូវនេះ មិនមែនគ្រាន់តែថា មិនចាំបាច់ធ្វើពិធីសាសនាទេ តែពិធីសាសនានឹងជ្រៀតជ្រែកដល់ការអភិវឌ្ឍ និងដល់អំណរនៃទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយនឹងព្រះជាម្ចាស់។
នេះហើយជាមូលហេតុដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងតួនាទីនៃពិធីសាសនាតាំងពីមុនព្រះយេស៊ូយាងមក រហូតដល់ទ្រង់បានយាងមក។ មានពិធីសាសនារាប់រយបានកំណត់សម្រាប់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ប៉ុន្តែមានតែពិធីពីរប៉ុណ្ណោះចាប់តាំងពីការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ (ហើយពិធីមួយក្នុងចំណោមពិធីទាំងពីរនេះគឺពិធីបុណ្យជ្រមុជទឹក ដែលត្រូវធ្វើបានតែម្ដងប៉ុណ្ណោះ)។ មានការណែនាំយ៉ាងលម្អិតអំពីរបៀបអនុវត្តពិធីសាសនាផ្សេងៗ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ (ដោយសារតែសារៈសំខាន់ជានិមិត្តរូបនៃពិធីទាំងនោះ) ប៉ុន្តែមានការណែនាំតិចតួចបំផុតអំពីរបៀបអនុវត្តពិធីបុណ្យជ្រមុជទឹក និងពិធីលៀងព្រះអម្ចាស់។ តាមពិតទៅ នេះគឺជាមូលហេតុដែលក្រុមជំនុំបានតយុទ្ធយ៉ាងខ្លាំងក្លាអស់ជាច្រើនសតវត្សមកហើយ អំពីការអនុវត្តពិធីសាសនាទាំងនេះ!
ហេតុដូច្នេះហើយបានជាសាវ័កប៉ូល និយាយបន្តថា សម្រាប់គ្រិស្តបរិស័ទដែលវិលត្រឡប់ទៅនិយមការកាន់ពិធីសាសនាទាំងនោះវិញ គឺមិនមែនជាការរីកចម្រើនខាងវិញ្ញាណនោះទេ តែគឺជាការធ្លាក់ចុះ ខាងវិញ្ញាណទៅវិញ (កាឡាទី ៤:៩-១១)។ សូមស្រមៃពីក្មេងស្រីម្នាក់ដែលបានបែកពីឪពុករបស់នាងតាំងពីកំណើតមក។ នាងមានតែរូបថតផ្សេងៗរបស់គាត់ដែលនាងសន្សំទុក និងមើលជាប់ជានិច្ច។ បន្ទាប់មក ឪពុកនាងក៏បានត្រឡប់មកវិញ។ តើនាងនៅតែគួរគិតពីអត្ថន័យនៃរូបភាពតាមលក្ខណៈដែលមានពីមុនដែរឬទេ? នាងនឹងមិនស្អប់រូបថតទាំងនោះ ឬបោះវាចោលឡើយ ប៉ុន្តែនាងនឹងមិនទាក់ទងឪពុករបស់នាងតាមរយៈរូបថតទាំងនោះទៀតទេ។ ចុះបើ បន្ទាប់ពីនាងចាប់ផ្ដើមមានទំនាក់ទំនងជាមួយនឹងគាត់ ដោយផ្ទាល់ហើយ តែនាងបែរជាត្រឡប់ទៅទាក់ទងជាមួយគាត់តាមរយៈសៀវភៅរូបថតវិញ តើនឹងមានអ្វីកើតឡើង?
ដូច្នេះ សូមចៀសវាងការនិយមធ្វើពិធីសាសនាទាំងនោះ! ព្រោះវាបង្ហាញពីការខុសឆ្គងយ៉ាងធ្ងន់ធ្ងរចំពោះគ្រិស្តសាសនាដល់លោកីយ៍ដែលកំពុងមើលមកយើង ហើយវានឹងរាំងស្ទះដល់ភាពចាស់ទុំខាងវិញ្ញាណរបស់លោកអ្នក។
បទគម្ពីរ កូឡូស ២:១៨ បានកំណត់ពីការអនុវត្តពិធីសាសនាទីពីរដែលគ្រិស្តបរិស័ទត្រូវបានបង្វែរចេញពីផ្លូវដែលឆ្ពោះទៅរកភាពចាស់ទុំខាងវិញ្ញាណ។ សាវ័កប៉ូល ពណ៌នាអំពីមនុស្សមួយចំនួន (ដែលកំពុងនិយាយថាជាគ្រិស្តបរិស័ទនៅក្រុងកូឡូស) ថាជា «ប្រជារាស្រ្តលំដាប់ទីពីរ» ដោយសារតែពួកគេមិនមានបទពិសោធន៍ខាងវិញ្ញាណដ៏ពិតប្រាកដ។ ជាក់ស្តែង មនុស្សទាំងនេះបានបង្អត់អាហារ ឬបង្អត់ការគេង ឬថែមទាំងបានលត់ដំខ្លួនឯង (ការបន្ទាបខ្លួន) ដើម្បីជម្រុញឱ្យមានការផ្លាស់ប្តូរសតិសម្បជញ្ញៈ (ការភ្ញាក់រលឹក)។ ពួកគេមានអ្វីដែលហៅថា «និមិត្ត» ដែលពួកគេបានគោរពទេវតា ឬបានធ្វើទីសំអាងពីការថ្វាយបង្គំព្រះរបស់ពួកទេវតា។ ដោយសារពួកគេមានបទពិសោធន៍បែបនេះ ពួកគេបានអះអាងថាពួកគេមាន «ផ្លូវក្នុង» ទៅរកព្រះ។ ជាក់ស្តែង ពួកគេកំពុងប្រាប់ពួកអ្នកក្រុងកូឡូសថា ទាល់តែពួកគេមានបទពិសោធន៍ស្រដៀងនេះ ទើបពួកគេមានការរីកចម្រើនខាងវិញ្ញាណ។ ពាក្យទូទៅបំផុតសម្រាប់រឿងនេះគឺការនិយមទៅលើជំនឿអរូប ។ ការនិយមទៅលើជំនឿអរូប គឺជាការបង្ខូចទ្រង់ទ្រាយ/ក្លែងបន្លំនៃទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះជាម្ចាស់ដូចដែលបានរៀបរាប់ពីខាងលើរួចមកហើយ។ ការនិយមបែបនេះគឺជាការដែលកំពុងស្វែងរកបទពិសោធន៍ផ្សេងៗខាងវិញ្ញាណដ៏អស្ចារ្យដែលជាគន្លឹះឈានទៅរកភាពចាស់ទុំខាងវិញ្ញាណ ។ ការនិយមទៅលើជំនឿអរូប គឺជាសណ្ឋានខាងវិញ្ញាណដ៏លេចធ្លោនៅក្នុងទ្វីបមួយចំនួននៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ នៅប្រទេសផ្សេងៗដូចជានៅទ្វីបអឺរ៉ុប និងនៅទ្វីបអាមេរិកខាងជើង ការនិយមទៅលើធម្មជាតិដែលអះអាងថាគ្មានព្រះ បានបង្កើតកន្លែងទទេដ៏ធំមួយដែលគ្មានវិញ្ញាណនៅក្នុងចិត្តរបស់មនុស្ស (ហើយបានបន្តុះបង្អាប់ព្រះគម្ពីរដែលជាមគ្គុទ្ទេសក៍ប្រកបដោយសិទ្ធិអំណាចសម្រាប់ការស្គាល់ព្រះជាម្ចាស់)។ បច្ចុប្បន្ននេះ ការនិយមទៅលើជំនឿអរូបផ្សេងៗ កំពុងចូលមកបំពេញកន្លែងទទេនោះយ៉ាងឆាប់រហ័ស។ តើមានអ្វីខុសជាមួយនឹងការនិយមទៅលើជំនឿអរូបនេះ? ហេតុអ្វីបានជាសាវ័កប៉ូល ខកចិត្តជាមួយរឿងនេះ? គឺមិនមែនដោយសារតែព្រះជាម្ចាស់ប្រឆាំង / មិនដែលប្រទានបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យដល់ប្រជារាស្ដ្ររបស់ទ្រង់នោះទេ។ សាវ័កប៉ូល បានឃើញព្រះគ្រិស្តដែលមានព្រះជន្មរស់ឡើងវិញ នៅពេលដែលព្រះអង្គបានធ្វើឲ្យលោកប្រែចិត្តជឿលើទ្រង់ ហើយលោកបានឃើញព្រះគ្រិស្តជាច្រើនដងតាំងពីពេលនោះមក។ សាវ័កប៉ូល បាននិមិត្តឃើញបុរសម្នាក់ត្រូវបានលើកឡើងទៅស្ថានសួគ៌ក្នុងព្រះវត្តមាននៃព្រះជាម្ចាស់ និងបានឮព្រះបន្ទូលដ៏ អស្ចារ្យរកថ្លែងពុំបាន ដែលគ្មានមនុស្សណាមានសិទ្ធិនឹងនិយាយឡើងវិញបានទេ (កូរិនថូស ទី២ ១២:២-៤)។ ខ្ញុំចង់និយាយថា និមិត្តទាំងនេះមានលក្ខណៈគ្រប់គ្រាន់ជាបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យ!
គ្រោះថ្នាក់មួយនៃការនិយមទៅលើជំនឿអរូបគឺការស្រេកឃ្លានចំពោះការនិយមទាំងនោះ អាចនាំលោកអ្នកឲ្យចូលទៅក្នុងការបោកបញ្ឆោតខាងវិញ្ញាណបាន។ អារក្សអាចនាំមកនូវបទពិសោធន៍ខាងវិញ្ញាណដ៏មានឥទ្ធិពល។ ដូច្នេះ ប្រសិនបើគោលដៅរបស់លោកអ្នកគឺចង់បានការនិយមទាំងនោះ នោះលោកអ្នកអាចត្រូវបានដឹកនាំឱ្យវង្វេងដោយអ្នកដែលនាំមកនូវការនិយមទាំងនោះ។ គ្រោះថ្នាក់មួយទៀតគឺ ការមានបទពិសោធន៍ខាងវិញ្ញាណដ៏ពិតប្រាកដ អាចនាំឱ្យលោកអ្នកគិតថាខ្លួនមានភាពចាស់ទុំ ដោយសារលោកអ្នកមានបទពិសោធន៍ទាំងនោះ។ ប៉ុន្តែគ្មានទំនាក់ទំនងជាមួយនឹងព្រះគម្ពីរទេ។ គ្រិស្តបរិស័ទនៅក្រុងកូរិនថូស មានបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យគ្រប់ប្រភេទ ប៉ុន្តែសាវ័កប៉ូលបានហៅពួកគេថានៅមិនទាន់ពេញវ័យនៅឡើយ ដោយសារតែពួកគេខ្វះភស្តុតាងនៃភាពចាស់ទុំខាងវិញ្ញាណ គឺខ្វះការបម្រើដោយសេចក្តីស្រឡាញ់ (កូរិនថូស ទី១ ជំពូក១៣)។ ម្យ៉ាងវិញទៀត គ្រិស្ដបរិស័ទជាច្រើនបានក្លាយទៅជាអ្នកបម្រើរបស់ព្រះយេស៊ូដែលមានភាពចាស់ទុំ ហើយមានសេចក្ដីស្រឡាញ់ ដោយពួកគេមិនធ្លាប់មានបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យនោះទេ។ តើអ្វីគឺជាការការពារទៅលើការនិយមចំពោះជំនឿអរូប? សូមអាន កូឡូស ២:១៩ ។ ការរិះគន់របស់សាវ័កប៉ូលអំពីអាថ៌កំបាំងនោះរួមមានការការពាររបស់លោកផង។
«នៅជាប់ជាមួយព្រះគ្រិស្តជាព្រះសិរសា» មានន័យថាបង្កើតទំនាក់ទំនងរបស់លោកអ្នកជាមួយព្រះគ្រិស្ត តាមរយៈព្រះគម្ពីរ (ព្រះបន្ទូលរបស់ទ្រង់)។ សាវ័កប៉ូល បានបញ្ជាក់ឡើងវិញម្តងទៀតនៅក្នុង កូឡូស ៣:១៦ ហើយលោកបានប្រើកិរិយាសព្ទ (នៃពាក្យអរព្រះគុណ) នេះដដែល នៅក្នុង ថេស្សាឡូនិក ទី២ ជំពូក ២:១៣។ ការនិយមទៅលើជំនឿអរូប នាំយើងឲ្យចេញឆ្ងាយពីព្រះបន្ទូលរបស់ព្រះគ្រិស្ត ប៉ុន្តែព្រះគ្រិស្តបានជួបយើងដោយផ្ទាល់តាមរយៈព្រះបន្ទូលរបស់ទ្រង់ (ព្រះបន្ទូលទ្រង់ក៏ផ្តល់ឲ្យយើងនូវមូលដ្ឋានសម្រាប់បទពិសោធន៍ខាងវិញ្ញាណដែលចេះវិនិច្ឆ័យផងដែរ)។ «...ដែលផ្គត់ផ្គង់ឲ្យព្រះកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃ ...» មានន័យថាអនុញ្ញាតឱ្យគ្រិស្តបរិស័ទដទៃផ្សេងៗទៀតរំលឹកដាស់តឿនយើងដោយព្រះបន្ទូល និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ (អេភេសូ ៤:១៤-១៦)។
ការនិយមទៅលើជំនឿអរូប នាំឱ្យមានការគិតថាលោកអ្នកនៅជិតស្និទ្ធជាមួយនឹងព្រះជាម្ចាស់ ដូច្នេះលោកអ្នកមិនត្រូវការប្រជារាស្ដ្រដទៃទៀតរបស់ទ្រង់ឡើយ។ ជំនឿរបស់គ្រិស្តបរិស័ទតាមព្រះគម្ពីរ នាំឱ្យស្តាប់តាមព្រះជាម្ចាស់ តាមរយៈប្រជារាស្ដ្ររបស់ទ្រង់ នៅពេលពួកគេនាំព្រះបន្ទូលរបស់ព្រះអង្គមកកាន់យើង។ លទ្ធផលនៃការនៅជាប់ជាមួយព្រះគ្រិស្តតាមវិធីនេះ គឺជាការរីកចម្រើនយ៉ាងពិតប្រាកដមកពីព្រះជាម្ចាស់--គឺជាការរីកលូតលាស់បន្តិចម្តងៗនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយនឹងទ្រង់ និងនៅក្នុងសមត្ថភាពរបស់លោកអ្នកក្នុងការស្រឡាញ់អ្នកដទៃ!
សូមអាន កូឡូស ២:២០, ២២។ គ្រិស្តបរិស័ទនៅក្រុងកូឡូស ត្រូវបានគេប្រាប់ថាមានការខុសឆ្គងក្នុងការបរិភោគអាហារជាក់លាក់មួយចំនួន--ហើយការធ្វើតាមការហាមឃាត់ទាំងនេះគឺជាគន្លឹះនៃការឧទ្ទិសចំពោះព្រះ។ នេះគឺជាក្រឹត្យវិន័យនិយម ។ ក្រឹត្យវិន័យនិយម សំដៅលើការសង្កត់ធ្ងន់ទៅលើច្បាប់ទាំងឡាយដែលបង្កើតឡើងដោយមនុស្ស និងការហាមឃាត់ផ្សេងៗ ដែលជាតម្រូវការនៃការឧទ្ទិសចំពោះព្រះ។ សហគមន៍គ្រិស្តបរិស័ទទូទាំងសកលលោកមានមរតកដ៏សម្បូរបែបនៃក្រឹត្យវិន័យនិយម។ ច្បាប់ទាំងឡាយដែលបង្កើតឡើងដោយមនុស្ស ដូចជាការហាមឃាត់គ្រឿងស្រវឹង ការមើលខ្សែ ភាពយន្តលោកិយ ការលេងបៀ ការប្រើប្រាស់គ្រឿងសំអាង ការស្តាប់បទចម្រៀងលោកិយ និងការរាំរែក ជាដើម បានធ្វើឲ្យខូចខាតដែលមិនអាចគណនាបានដល់គ្រិស្តបរិស័ទ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ព្រះយេស៊ូ។ តក្ក (ភាពសមហេតុសមផល) នៃក្រឹត្យវិន័យនិយមគឺការការពារកុំឲ្យមានអំពើបាប ឧទាហរណ៍៖ «បើសិនជាលោកសុខ មានអំពើបាប វាគឺជារឿងខាងវិញ្ញាណដែលមានច្បាប់ប្រឆាំងនឹងសកម្មភាពដែលអាចល្បួងលោកអ្នក/អ្នកដទៃឱ្យប្រព្រឹត្តអំពើបាបអ្វីមួយ»។ ក្រឹត្យវិន័យនិយម បានលើកឡើងថា «បើការស្រវឹងគឺជាអំពើបាប នោះវាជារឿងខាងវិញ្ញាណដែលហាមឃាត់មិនឲ្យទៅកន្លែងផ្សេង ៗដែលមានមនុស្សស្រវឹង»។ ក្រឹត្យវិន័យនិយម បានលើកឡើងទៀតថា «ប្រសិនបើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាអំពើបាប នោះវាគឺជារឿងខាងវិញ្ញាណដែលហាមស្ត្រីមិនឲ្យស្លៀកពាក់ក្នុងរបៀបដែលអាចល្បួងបុរសឲ្យមានចំណង់ខាងផ្លូវភេទ»។
តើក្រឹត្យវិន័យនិយមមានអ្វីខុស? ព្រះជាម្ចាស់មិនដែលកំណត់ច្បាប់ទាំងនេះទេ ដូច្នេះតើយើងជាអ្នកណាដែលបង្កើតច្បាប់ទាំងនេះដែលទ្រង់មិនបានបង្កើត ឬនិយាយថាទ្រង់បានបង្កើតច្បាប់ទាំងនោះនៅពេលដែលទ្រង់មិនបានបង្កើត? ក្រឹត្យវិន័យនិយម បានធ្វើឲ្យខូចជំនឿគ្រិស្តបរិស័ទ និងរារាំងភាពចាស់ទុំខាងវិញ្ញាណតាមវិធីផ្សេងៗជាច្រើន ដូចជា៖
សាវ័កប៉ូល បានសង្ខេបការរិះគន់របស់លោកអំពីការអនុវត្តខាងសាសនាទាំងបីបែបនេះនៅក្នុងកណ្ឌគម្ពីរ កូឡូស ២:២៣ ។ ការរិះគន់នេះ អីក៏មានន័យជ្រៅម៉្លេះហ្ន៎! ការអនុវត្តខាងសាសនាទាំងបីបែបនេះ បើមើលពីខាងក្រៅគួរឱ្យស្ញប់ស្ញែងខ្លាំងណាស់ ប៉ុន្តែវាគ្មានកម្លាំងក្នុងការដោះស្រាយបញ្ហាដ៏ពិតប្រាកដ ដែលជាបញ្ហាក្នុងការយកខ្លួនឯងជាធំឡើយ។ លោកអ្នកអាចស៊ីជម្រៅទៅក្នុងការអនុវត្តណាមួយ ឬការអនុវត្តទាំងអស់នេះ ដោយមិនស្រឡាញ់នរណាម្នាក់ឡើយ! តាមពិត គឺជាទំនោរបង្កើននូវអំនួតនៃភាពសុចរិតរបស់ខ្លួនឯង ដែលជាការប្រឆាំងនឹងការឧទ្ទិសខាងសាសនាដ៏ពិតប្រាកដ! ជំនឿគ្រិស្តបរិស័ទតាមព្រះគម្ពីរ មិនត្រឹមតែកំណត់ភាពចាស់ទុំខាងវិញ្ញាណខុសៗគ្នាប៉ុណ្ណោះទេ (ការរីកចម្រើនក្នុងសេចក្ដីស្រឡាញ់ ធៀបជាមួយនឹងការឧស្សាហ៍ព្យាយាមក្នុងការអនុវត្តខាងសាសនាទាំងនេះ) តែសេចក្តីជំនឿនេះក៏បានកំណត់ពីវិធីផ្សេងៗគ្នាទាំងស្រុង ដើម្បីឆ្ពោះទៅរកភាពចាស់ទុំខាងវិញ្ញាណ។ ទាំងអស់នេះ គឺជាអ្វីដែលសាវ័កប៉ូល បានពន្យល់នៅក្នុងជំពូកបី និងជំពូកបួន៕