About
Give
Connect
Manage My Giving
Slova Updates
SlovaNova Icon

កណ្ឌគម្ពីរអេភេសូ ២:១-១០

ការជួយទាំងស្រុង​សម្រាប់រាល់តម្រូវការទាំងអស់​

Гэри ДеЛашмутт
លោក Gary DeLashmutt
Gary DeLashmutt
Gary DeLashmutt
Gary DeLashmutt
Overview Video

អេភេសូប្រហែលជាកណ្ឌគម្ពីរដែលជាការបកស្រាយដ៏អស្ចារ្យបំផុត​របស់​សាវ័កប៉ូល អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់។ នៅក្នុងជំពូកទី១  ​សាវ័កប៉ូល ​អរ​សប្បាយ​ចំពោះ​ការ​ប្រទានព្រះគុណ​ដ៏​អស្ចារ្យ​

ជាច្រើន​​របស់​ព្រះជាម្ចាស់​តាម​រយៈ​ព្រះ​យេស៊ូ។ ពាក្យ​ដែលលោកពេញ​ចិត្ត​បំផុត​​គឺពាក្យថា«ការ​សង្គ្រោះ» (១:១៣) ដែលមានន័យថា «ការជួយឲ្យរួចផុតពីអ្វីមួយ»។ ជា​ការ​ពិត​ណាស់ ពាក្យ​នេះ​បញ្ជាក់​ថា​យើង​មាន​បញ្ហា​ដ៏ធំដែល​យើង​មិន​អាច​ដក​ខ្លួន​ចេញ​បាន​។ ឆ្មាំនៅតាមឆ្នេរសមុទ្រមិនបញ្ជូនក្រុមជួយសង្គ្រោះឲ្យទៅកាន់ទូកដែល​អាចចូលច្រាំងបានដោយខ្លួនឯងនោះទេ។ ព្រះជាម្ចាស់​ប្រទាន​ការសង្គ្រោះរបស់​ទ្រង់​ដល់យើង​​ ​ដោយមាន​ហេតុផល​ដូច​គ្នា។ តើ​អ្វី​ទៅ​ជា​បញ្ហា​ដែល​យើង​មិន​អាច​ដក​ខ្លួន​ចេញបាន? សាវ័កប៉ូល មានប្រសាសន៍ប្រាប់យើងនៅក្នុងជំពូក ២:១-១០ ដូចដែលលោកបានពន្យល់ពីការជួយទាំងស្រុងរបស់ព្រះជាម្ចាស់សម្រាប់រាល់តម្រូវការទាំងអស់។ នៅក្នុងជំពូក​ ២:១-៣ ពន្យល់ពីរាល់តម្រូវការ​របស់យើង និងជំពូក   ២:៤-៧ ពន្យល់ពីការជួយទាំងស្រុងរបស់ព្រះជាម្ចាស់ ហើយជំពូក ២:៨-១០ ពន្យល់ពីរបៀបដែលត្រូវទទួលការជួយទាំងស្រុងរបស់ព្រះជាម្ចាស់។ មុនពេលយើងមើលពីការពណ៌នារបស់សាវ័កប៉ូល អំពីរាល់តម្រូវការ​របស់យើងដោយគ្មានព្រះគ្រិស្ត  ខ្ញុំ​ចង់បញ្ជាក់ពីលក្ខណៈវិនិច្ឆ័យដ៏​សំខាន់​មួយ។ សាវ័កប៉ូល កំពុងសរសេរទៅគ្រិស្តបរិស័ទ--មនុស្សដែលមានបទពិសោធន៍ពីការសង្គ្រោះរបស់ព្រះជាម្ចាស់។ ហើយ​គ្រិស្តបរិស័ទទាំង​នេះ​ងាយ​យល់​ស្រប​នឹង​ការ​​ពណ៌នា​របស់សាវ័ក​ប៉ូល​អំពី​ស្ថានភាព​​មុន​ពេលដែល​ពួកគេ​បាន​ជួប​ព្រះគ្រិស្ត។ ស្ថានភាពនោះគ្រាន់តែជាស្ថានភាពនៃបទពិសោធន៍ក្នុងជីវិតរស់នៅដែលយើងបានជួបប្រទះ (មុនពេលយើងបានជួបព្រះគ្រិស្ត) ហើយយើង​ដឹងថាជីវិតរបស់យើងពីមុនមានភាពទទេ និងមានការបាក់បែក  ព្រមទាំងមានភាពផ្ទុយស្រឡះពីជីវិតបច្ចុប្បន្ន។ ដូច្នេះ  បើសិនជាលោកអ្នកមិនបានជួបព្រះគ្រិស្តទេ  នោះលោកអ្នកនឹងប្រហែលជាមានការពិបាកដើម្បីយល់ស្របជាមួយនឹងអ្វីៗទាំងអស់ ដែលសាវ័កប៉ូល មានប្រសាសន៍អំពីជីវិតរបស់លោកអ្នក។ ប៉ុន្តែ  ព្រះជាម្ចាស់មិនតម្រូវឲ្យលោកអ្នកយល់ស្របជាមួយអ្វីៗទាំងអស់ ដែលទ្រង់មានបន្ទូលអំពីរាល់តម្រូវការ​របស់លោកអ្នកមុនពេលទ្រង់នឹងសង្គ្រោះឡើយ។ លោកអ្នកគ្រាន់តែ​ត្រូវការមានឆន្ទៈដើម្បីយល់ស្របថាជីវិតរបស់លោកអ្នកពិតជាត្រូវបានបែកបាក់មែន  ហើយលោកអ្នកមិនអាចដាក់ជីវិតដែលបែកបាក់រួចហើយឲ្យត្រឡប់មកពេញលេញដោយខ្លួនឯងបានទេ។

រាល់តម្រូវការទាំងអស់របស់យើង

ឥឡូវនេះ  សូមឲ្យយើងមើលទៅដំណឹងមិនល្អ  ដែលជាការវិនិច្ឆ័យរបស់ព្រះជាម្ចាស់ចំពោះស្ថានភាពរបស់យើង  មុនពេលយើងជួបព្រះគ្រិស្ត។ ការវិនិច្ឆ័យរបស់​សាវ័កប៉ូល បានរកឃើញថាមានបញ្ហាដ៏ធ្ងន់ធ្ងរបីចំណុច គឺ៖​

១. ការស្លាប់ខាងវិញ្ញាណ

ជាបឋម  សាវ័កប៉ូល មានប្រសាសន៍ថាបើយើងគ្មានព្រះគ្រិស្ត យើងនឹងត្រូវ «ស្លាប់» (អេភេសូ ២:១)។   

ជាការពិតណាស់  សាវ័កប៉ូល មិនបានមានប្រសាសន៍ថាយើងនឹងត្រូវស្លាប់ខាងសាច់ឈាមនោះទេ និងក៏មិនបានមានប្រសាសន៍ដែរថា  យើងនឹងស្លាប់ខាងបញ្ញា ឬក៏ខាងសោភ័ណភាព ឬក៏ស្លាប់ខាងអារម្មណ៍នោះដែរ។ ​លោកមានន័យថាយើងនឹងត្រូវស្លាប់ខាងវិញ្ញាណ។​

យោងទៅតាមព្រះគម្ពីរ  ការស្លាប់ខាងវិញ្ញាណមានន័យថាបានដាច់ចេញពីព្រះជាម្ចាស់  បានបែកចេញពីទំនាក់ទំនងនៃសេចក្តីស្រឡាញ់ដោយផ្ទាល់ជាមួយព្រះអង្គ (យ៉ូហាន ១៧:៣)។ នៅពេលដែលមនុស្សដំបូងត្រូវបានបង្កើត  ទំនាក់ទំនងនេះគឺជាមរតកដ៏ធំអស្ចារ្យ និងគឺជាចំណុចរួមនៃជីវិតរបស់ពួកគេ (មនុស្ស)។ ដរាបណាមនុស្សទុកចិត្តលើព្រះជាម្ចាស់ថាជាចំណុចរួមនៃជីវិតរបស់ពួកគេ  នោះសេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​បំពេញ​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​អាច​ស្រឡាញ់​អ្វីៗ​ដែលព្រះអង្គ​បាន​បង្កើតតាមលំដាប់លំដោយ ហើយស្រឡាញ់គ្នាទៅវិញទៅមកដោយភាពពេញលេញ​  ហើយ​ព្រះប្រាជ្ញាញាណរបស់ព្រះអង្គដឹកនាំពួកគេ

ដូច្នេះពួកគេអាចយល់ពីលំដាប់លំដោយដែលទ្រង់បានបង្កើត និងកន្លែងរបស់ពួកគេនៅក្នុងនោះ។ ហេតុដូច្នេះហើយបានជាព្រះអង្គបានព្រមានមនុស្សថា  បើពួកគេជ្រើសរើសដើម្បីបដិសេធទ្រង់ថាជាចំណុច       កណ្តាលនៃជីវិតរបស់ពួកគេ  នោះពួកគេនឹងស្លាប់។ ព្រះជាម្ចាស់មិនបានមានបន្ទូលថា «ជាច្រើនទសវត្សរ៍បន្ទាប់ពីអ្នកបដិសេធការដឹកនាំដោយសេចក្តីស្រឡាញ់របស់យើង  នោះអ្នកនឹងស្លាប់» ឡើយ  ប៉ុន្តែទ្រង់បានមានបន្ទូលថា «នៅថ្ងៃដែលអ្នកបដិសេធការដឹកនាំដោយសេចក្តីស្រឡាញ់របស់យើង  នោះអ្នកនឹងស្លាប់ភ្លាមៗនៅថ្ងៃនោះ»។ ពិតមែនហើយ  មនុស្សនឹងស្លាប់ខាងរូបកាយ (សាច់ឈាម) នៅពេលក្រោយ--ប៉ុន្តែពួកគេនឹងស្លាប់ខាងវិញ្ញាណភា្លមៗនៅពេលដែលពួកគេងាកបែរចេញពីព្រះអម្ចាស់។

សាវ័កប៉ូល កំពុងមានប្រសាសន៍ថា យើងរាល់គ្នាកំពុងស្ថិតនៅក្នុងស្ថានភាពដូច​ដែលពួកគេទាំងនោះបានធ្វើ--និងមានហេតុផលដូចគ្នា។ ក៏ដូចជា​ពួកគេទាំងនោះដែរ  យើងរាល់គ្នា​បាន​បដិសេធ​ការ​ដឹក​នាំ​​​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ  គឺ​ដោយ​សារ​តែយើង​ធ្វើ​អ្វី​ដែលព្រះអង្គ​ហាម (ភាសាក្រិកប្រើពាក្យថា paraptoma -- មានន័យថា «ការរំលោភលើព្រំដែនដែលគេដឹងរួចហើយ» និងដោយសារតែយើង​បរាជ័យ​ក្នុង​ការ​ធ្វើ​តាម​បញ្ជា​របស់​ព្រះជាម្ចាស់ (ភាសាក្រិកប្រើពាក្យថា hamartia -- មានន័យថា «ស្ថិតនៅក្រោមមាត្រដ្ឋាន (ស្តង់ដារ)»។ ដូច្នេះ យើង​មាន​ជីវិត​ខាង​រូបកាយ ប៉ុន្តែ​ស្លាប់​ខាង​វិញ្ញាណ--ដាច់ចេញពីព្រះដែលជាមរតកដ៏អស្ចារ្យ និងជាចំណុចរួមនៃជីវិតរបស់យើង។ ហើយការពិតនេះបង្កើតនូវភាពខ្វះចន្លោះដ៏ធំធេង    នៅក្នុងចិត្តរបស់យើង  ឧទាហរណ៍ដូចជា  តើយើងអាច​​រក​ឃើញ​សេចក្ដី​ស្រឡាញ់ និង​អត្ថន័យ និង​គោល​បំណង និង​សុវត្ថិភាព (សន្តិសុខ) និង​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ​សម្រាប់​ជីវិតរបស់​យើងបាន  ​នៅ​ឯណា? បញ្ហានេះនាំទៅដល់ផ្នែកបន្ទាប់នៃការ​វិនិច្ឆ័យ​របស់សាវ័កប៉ូល នៅក្នុងអេភេសូរ ២:២-៣។

២. ​ភាពជាទាសករខាងវិញ្ញាណ

បទគម្ពីរអេភេសូ ២:២-៣ គឺជាការពណ៌នាអំពីភាពជាទាសករ។ ទោះបីជា  មនុស្សមួយភាគបីនៃចក្រភព      រ៉ូម៉ាំងរស់នៅក្នុងភាពជាទាសករពិតប្រាកដមែន  ប៉ុន្តែមិនមែនជាអ្វីដែលសាវ័កប៉ូល កំពុងពណ៌នានោះទេ  ព្រោះលោកមានប្រសាសន៍ថា  គ្រប់ៗគ្នាដែលដាច់ចេញពីព្រះគ្រិស្តគឺជាទាសករ។ លោកកំពុង​រៀប​រាប់​អំពីភាពជាបានទាសករ​របស់​សាតាំង គឺលោកមិនមែនមានន័យថាគ្រប់ៗគ្នាដែលដាច់ចេញពីព្រះគ្រិស្ត ត្រូវបាន​សាតាំងឬអារក្សគ្រប់គ្រងនោះឡើយ (ទោះបីជាមានមនុស្សខ្លះក៏ដោយ)។ តែលោកមានន័យថា  យើងត្រូវបានរស់នៅក្នុងជីវិត​ជាទាសករតាមរបៀបដែលសាតាំង ឬអារក្សវាបានរៀបចំទុកមក (រស់នៅតាមរបៀបលោកីយ៍) (២:២ក) ឬរស់នៅក្នុងជីវិតដែលមានបរិយាកាសខាងវិញ្ញាណដែល​សាតាំង ឬអារក្សបានបង្កើតឡើង​ (២:២ខ)។ ហើយអ្វីទៅគឺជាការរស់នៅតាមរបៀបលោកីយ៍ ឬតាមបរិយាកាសខាងវិញ្ញាណនេះ? គឺជាជីវិតដែលកំពុង​ព្យាយាម​បំពេញភាពខ្វះចន្លោះ​​ខាង​វិញ្ញាណ​ដោយ​បំពេញ​បំណង​ប្រាថ្នា​នៃ​ចិត្ត​បះបោរ​របស់​យើង (២:៣)។ តើការនេះមានន័យដូចម្តេច? ការនេះមានន័យថាយើងមិនព្រមវិលត្រឡប់ទៅរកទំនាក់ទំនងនៃសេចក្តីស្រឡាញ់ជាមួយនឹងព្រះអម្ចាស់វិញ  ដើម្បីបំពេញនូវភាពខ្វះចន្លោះរបស់យើងឡើយ  តែយើងបែរជាព្យាយាមបំពេញភាពខ្វះចន្លោះនោះដោយនៅតែពឹងផ្អែកលើខ្លួនឯង  ដោយមិនពឹងផ្អែកទៅលើព្រះជាម្ចាស់ឡើយ។ (សូមអាន រ៉ូម ១:២១-២៥៖ ការបដិសេធក្នុងការថ្វាយបង្គំព្រះជាម្ចាស់  តែបែរជាថ្វាយបង្គំអ្វី  ផ្សេងៗដែលព្រះអង្គបានបង្កើតជំនួសវិញ​)។ របស់ទាំងនោះក្លាយទៅជា​ព្រះ​​ដែលគ្រប់គ្រងលើជីវិតរបស់យើង ដែលមានដូចជា៖ ការធ្វើឲ្យសប្បាយខាងផ្លូវកាយ​ (ការស្រើបស្រាលក្នុងចំណង់តណ្ហា  ការធ្វើឲ្យមានភាពសុខសប្បាយ) ឬលុយកាក់ និងសម្ភារៈនិយម ឬសញ្ញាបត្រ និងភាពជោគជ័យក្នុងការងារ  ឬការត្រួតត្រាមនុស្ស និងបរិស្ថាន ឬចង់ឲ្យ​មនុស្សមួយចំនួនមានការកោតសរសើរពីភាពស្រស់ស្អាត ពីភាពឆ្លាតវៃ  ពីទេពកោសល្យសិល្បៈ  ពីការឧទ្ទិសចំពោះសាសនារបស់យើង  ជាដើម។ ប៉ុន្តែរបស់ទាំងនោះមិនគ្រាន់តែមិនបានបំពេញភាពខ្វះចន្លោះរបស់យើងប៉ុណ្ណោះទេ  តែវាធ្វើឲ្យយើងក្លាយទៅជាទាសករ (ធ្វើឲ្យយើងញៀន) របស់វា និងធ្វើឲ្យជីវិតរបស់យើងកាន់តែគ្មានសណ្តាប់ធ្នាប់ថែមទៀតផង។ ដូច្នេះ  ​ការ​សម្រេច​ចិត្ត​ថា​នឹងដកខ្លួនចេញ​ពី​ព្រះជាម្ចាស់  ធ្វើឲ្យយើង​ក្លាយ​ទៅជាទាសករ​នៃ​​​​របស់ទាំងនោះ និងក្លាយទៅជាទាសករនៃ​អ្នកគ្រប់​គ្រង​ ដែលបានបង្កើត​​របៀបរស់​នៅបែប​នេះ។

៣. ការថ្កោលទោស

​បើ​សិនជាការស្លាប់ខាងវិញ្ញាណ និង​ការធ្វើជាទាសករមិនទាន់អាក្រក់ល្មមនៅឡើយទេ  បើគ្មាន​

ព្រះគ្រិស្ត (បើនៅឃ្លាតឆ្ងាយពីព្រះគ្រិស្ត)  យើង​ក៏​ត្រូវឆ្ពោះទៅរកការថ្កោលទោសរបស់ព្រះជាម្ចាស់ ​ដែរ 

(អេភេសូ ២:៣ខ)។ ព្រះពិរោធ (កំហឹង) របស់ព្រះជាម្ចាស់មិនដូចជាឪពុកដែលធ្វើបាបអ្នកដោយសារតែគាត់ទប់កំហឹងមិនបាន  ព្រោះអ្នកបង្កបញ្ហាដល់គាត់នោះទេ។ ព្រះពិរោធរបស់ព្រះជាម្ចាស់  មានលក្ខណៈដូចជាចៅក្រមដ៏ត្រឹមត្រូវ និងយុត្តិធម៌ ដែលប្រឆាំងនឹងអំពើអាក្រក់ ហើយប្តេជ្ញាចិត្តថានឹងកម្ចាត់ចោល ហើយដាក់ទោសដោយយុត្តិធម៌ដល់អ្នកដែលបានចងសម្ពន្ធភាពជាមួយសត្រូវរបស់ទ្រង់​។ ព្រះ​បាន​កំណត់​ថ្ងៃ​​ដែល​ទ្រង់​នឹង​នាំ​អ្នក​បះបោរ​ទាំង​អស់​មក​ពិចារណា (កាត់ទោស)​  ហើយ​ថ្កោលទោសជារៀងរហូតចំពោះអ្វីដែលពួកគេបានជ្រើសរើសនៅក្នុងជីវិតនេះ--នោះគឺជាការ​បណ្តេញ​ចេញ​ពី​ព្រះវត្តមាន​របស់​ព្រះអង្គ​រហូត​ដល់​មានការជាប់​ចំណងជាទាសករ និងមាន​ការ​បែកបាក់ជារៀងរហូត (រ៉ូម ២:៥)។ បញ្ហាគឺថានៅក្នុងលក្ខណៈធម្មជាតិរបស់យើង (និស្ស័យពីកំណើត) យើង បានបះបោរប្រឆាំងនឹងព្រះជាម្ចាស់  យើងបាន​​ចូល​រួម​ជាមួយ​សត្រូវ​របស់​ព្រះអង្គ​ក្នុងការពឹងផ្អែកលើខ្លួនឯង​ និង​ការ​អួតអាង​របស់​យើង--​ដូច្នេះហើយ យើង មាន​កំហុស ហើយ​សមនឹង​ទទួល​បាន​ការ​ថ្កោលទោស​ពី​ព្រះអម្ចាស់។ នេះគឺជារាល់តម្រូវការទាំងអស់--បើគ្មានព្រះគ្រិស្ត (នៅឃ្លាតឆ្ងាយពីព្រះគ្រិស្ត​)  យើងនឹងត្រូវដាច់ចេញពីព្រះជាម្ចាស់  ឆ្ពោះទៅរកការថ្កោលទោសរបស់ព្រះអង្គ  ហើយយើងជាប់នៅក្នុងចំណងទាសករនៅពេលដែលយើងរស់នៅក្នុងជីវិតបន្តទៅទៀត។ នេះគឺជាស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់  ដែលរាល់តម្រូវការទាំងអស់បន្សល់ទុកឱ្យខ្លួនយើង  នេះគឺជាលក្ខខណ្ឌចុងក្រោយ--យើងនឹងគ្មានសង្ឃឹម​ (អេភេសូ ២:១២)។ មានពាក្យសំខាន់បំផុតដែលសាវ័កប៉ូលបានបញ្ជាក់នៅក្នុង 

អេភេសូ ២:៤  ដែលមានភាពផ្ទុយគ្នាទៅនឹងការគ្មានសង្ឃឹម--នោះគឺពាក្យ​ «ក៏ប៉ុន្តែព្រះជាម្ចាស់​»។ ពាក្យថា 

«ក៏ប៉ុន្តែព្រះជាម្ចាស់​» គឺជាពីរពាក្យដំបូងនៃភាសាក្រិក។ ទោះបីជាយើងវង្វេងច្រើនជាងអ្វីដែលយើងនឹកស្មានមិនដល់ក៏ដោយ  ក៏ព្រះ​ជា​ម្ចាស់​ស្រឡាញ់​ និង​មេត្តា​ករុណា​ជាង​អ្វី​ដែល​យើង​អាច​សង្ឃឹមថានឹង​បាន! ពាក្យចុងក្រោយមិនមែនជាអំពើបាបរបស់យើងទេ  តែជាព្រះគុណរបស់ព្រះជាម្ចាស់-- «នៅទីណាដែលមានបាបកាន់តែច្រើន  នៅទីនោះព្រះគុណក៏រឹតតែមានច្រើនថែមទៀត» (រ៉ូម ៥:២០)!  ព្រះជាម្ចាស់តែមួយអង្គគត់ដែលត្រូវបានរាប់ជាសុចរិត  ទោះបីជាទ្រង់បានទុកយើងឲ្យនៅក្នុងស្ថានភាពរបស់យើងក៏ដោយ ​ក៏ប៉ុន្តែទ្រង់ បាន​ធ្វើ​អន្តរាគមន៍​តាម​រយៈ​ព្រះ​បុត្រា​របស់​ទ្រង់គឺព្រះ​យេស៊ូ ដើម្បី​ផ្តល់ការជួយទាំងស្រុង​សម្រាប់​រាល់តម្រូវ​ការទាំងអស់​របស់​យើង។ (សូម​កត់ចំណាំ​ថា សាវ័កប៉ូល​​ ពណ៌នា​អំពីការជួយទាំងស្រុង​នេះ​ក្នុង​លំដាប់លំដោយ​ដូច​គ្នាទៅ​នឹងអ្វីដែលលោក​បាន​ពណ៌នា​អំពី​រាល់តម្រូវការ​ទាំងអស់​របស់​យើង​)។

ការជួយទាំងស្រុងរបស់ព្រះជាម្ចាស់​

បើគ្មានព្រះគ្រិស្ត (បើឃ្លាតឆ្ងាយពីព្រះគ្រិស្ត)  យើងនឹងត្រូវ​ដាច់ចេញពីព្រះជាម្ចាស់  ប៉ុន្តែតាមរយៈព្រះគ្រិស្ត  យើងត្រូវបានរួបរួម (ផ្សះផ្សា) ជាមួយនឹងព្រះគ្រិស្ត (អេភេសូ ២:៥)។ ការរួបរួម (ការផ្សះផ្សា) មិនមែនគ្រាន់តែជាការបញ្ឈប់អរិភាព (ភាពអមិត្ត) ប៉ុណ្ណោះទេ  តែគឺ​ជា​ការ​ស្ដារ​ឱ្យមនុស្ស​​មាន​ការ​រួបរួម​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​ដោយ​ការ​លុប​ចោល​មូលហេតុ​នៃ​ការដាច់​ចេញ​ពី​គ្នា។ ដោយ​ការ​បង់ថ្លៃ​បាប​របស់​យើង​តាម​រយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូ​នៅ​លើ​ឈើ​ឆ្កាង  ព្រះជាម្ចាស់​បាន​ដោះ​ស្រាយ​បញ្ហា​ដែលបាន​ញែក​ទ្រង់​ចេញ​ពី​យើង។ អំណាចដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីសុគតឡើងវិញ  ក៏អាចប្រោសយើងឲ្យរួចពីសេចក្តីស្លាប់ខាងវិញ្ញាណផងដែរ។ ឥឡូវ​នេះ យើង​អាច​នឹង​ទទួល​បាន​នូវបទពិសោធន៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ជាសន្តិសុខតែមួយគត់  ហើយទទួលការណែនាំរបស់ទ្រង់ជាទិសដៅតែមួយគត់  ទោះ​បីជា​លោកអ្នក​បាន​បះបោរ​ប្រឆាំង​នឹងទ្រង់ដ៏ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏​ដោយ។ គ្មាននរណាម្នាក់ដឹងពីរឿងនេះច្បាស់ជាងសាវ័កប៉ូលឡើយ។ លោកបានសម្លាប់គ្រិស្តបរិស័ទស្លូតត្រង់អស់ជាច្រើននាក់។ ប៉ុន្តែ​ការ​សរសេរ​របស់​លោកពេញទៅដោយ​​អំណរ​នៃមនុស្ស​ម្នាក់​ដែល​មាន​ជីវិតសម្រាប់​ព្រះជាម្ចាស់  ហើយ​ធានាអះអាង​ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ការ​អត់ទោស​​របស់ទ្រង់ (១ធីម៉ូថេ ១:១២-១៧)។ ប្រសិនបើព្រះយេស៊ូអាចធ្វើឲ្យសាវ័កប៉ូលមានជីវិតសម្រាប់ព្រះជាម្ចាស់  ទ្រង់ក៏​អាច​ធ្វើ​បែប​នោះ​ជាមួយលោក​អ្នកបានដែរ  ទោះ​បី​ជាលោកអ្នក​ដាច់ចេញ​ពី​ព្រះអង្គយ៉ាងណា​ក៏​ដោយ! បើគ្មានព្រះគ្រិស្ត (បើឃ្លាតឆ្ងាយពីព្រះគ្រិស្ត​)  យើងនឹងត្រូវ​បានធ្វើជាទាសកររបស់សាតាំង  ប៉ុន្តែតាមរយៈព្រះគ្រិស្ត  យើងត្រូវបានរួចពីការគ្រប់គ្រងរបស់សាតាំង (អេភេសូ ២:៦)។ ពេលដែលព្រះជាម្ចាស់ប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ពីសុគតឡើងវិញ  ទ្រង់បានតាំងឲ្យព្រះយេស៊ូមានអំណាចព្រះចេស្តាលើសាតាំង និងអារក្សទាំងអស់ (អេភេសូ ១:១៩-២២)។ ឥឡូវនេះ យើងអាចនឹងរួបរួមជាមួយនឹងព្រះយេស៊ូ ហើយចែកចាយសិទ្ធិអំណាចនេះបាន។ ឥឡូវនេះ យើងអាចមើលឃើញតាមរយៈការបោកបញ្ឆោតរបស់សាតាំង ហើយយកឈ្នះលើការប្រឆាំងរបស់វានៅក្នុងជីវិតរបស់យើង (បានពន្យល់រួចហើយនៅក្នុង អេភេសូ ៦:១០-២០)។ ឥឡូវ​នេះ  យើង​អាច​រស់​នៅ​ដោយ​អំណាច​ព្រះចេស្តារបស់​ព្រះជាម្ចាស់  ស្រប​តាមផែនការ​របស់​ទ្រង់ដែលមាន​សម្រាប់​ជីវិតរបស់​យើង  ជាជាងរស់នៅ​ធ្វើ​ជា​ទាសករ​របស់កាម​តណ្ហា និងព្រះក្លែងក្លាយផ្សេងៗ (បានពន្យល់រួចហើយនៅក្នុង អេភេសូ ៤:១​-៦:៩)។ ការ​មាន​សិទ្ធិ​អំណាច​បែប​នេះ  ដោះលែង​យើងឲ្យរួចផុត​ពី​ការ​ភ័យ​ខ្លាច និងការស្លាប់--ដោយព្រះគ្រិស្តគង់នៅជាមួយយើង  ហើយទ្រង់អាចផ្លាស់ប្រែជីវិតរបស់យើងបាន!

បើគ្មានព្រះគ្រិស្ត (បើឃ្លាតឆ្ងាយពីព្រះគ្រិស្ត)  យើង​នឹងត្រូវឆ្ពោះ​ទៅ​រក​ការ​ថ្កោលទោស​ជា​រៀង​រហូត  ប៉ុន្តែតាមរយៈព្រះគ្រិស្ត  យើង​ត្រូវ​បាន​បង្កើតមកសម្រាប់សំដែងឲ្យឃើញពីសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ (អេភេសូ ២:៧)។ យើង​នឹង​ក្លាយ​ជា​ស្មរបន្ទាល់​នៃ​ព្រះគុណ​ដ៏ច្រើនលើសលុប​មិន​គួរ​ឲ្យ​ជឿ​របស់​ព្រះ (ព្រោះ​យើង​សម​នឹង​នៅ​ក្នុងស្ថាន​នរក) និង​ជា​អ្នក​ទទួល​នូវ​សេចក្តី​សប្បុរស​ដ៏​គ្មាន​ដែនកំណត់​របស់​ទ្រង់។ ជីវិតនៅស្ថានសួគ៌នឹងមិនធុញទ្រាន់ឡើយ  ពីព្រោះយើងនឹងបន្តស្វែងរក និងទទួលនូវបទពិសោធន៍ថ្មីដ៏ស៊ីជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះ! ការដឹងច្បាស់ពីអនាគតដ៏អស្ចារ្យនេះ  ធ្វើ​ឱ្យយើងមានអំណត់ដ៏ធំធេងនៅក្នុងការលំបាកក្នុងជីវិតនេះ។ 

មនុស្សគ្រប់ៗគ្នា  អ្នកខ្លះនៅតែស្ថិតនៅក្នុងស្ថានភាពដែលមានតម្រូវការទាំងស្រុង ឬអ្នកខ្លះក៏បានទទួលការជួយទាំងស្រុងពីព្រះជាម្ចាស់រួចហើយ។ ដូច្នេះ  នឹង​មានជម្រើសតែមួយប៉ុណ្ណោះ​នៅក្នុងបញ្ហានេះ​។ បើសិនជាលោកអ្នកមិនទាន់បានទទួលការជួយទាំងស្រុងពីព្រះអម្ចាស់នៅឡើយ  សាវ័កប៉ូល បានពន្យល់ពីរបៀបទទួលជំនួយទាំងនេះនៅក្នុងជំពូក ២:៨-១០។ ប៉ុន្តែ ក្នុងចំណោមពួកយើងដែលបានទទួលជំនួយទាំងស្រុងពីព្រះជាម្ចាស់រួចហើយ  ត្រូវតែឆ្លុះបញ្ចាំងជាទៀងទាត់អំពីការអស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងការជួយសង្គ្រោះជីវិតរបស់យើង ជារៀងរាល់ថ្ងៃ!  យើងត្រូវចងចាំថា តើ​​តម្រូវការទាំងស្រុងមានលក្ខណៈយ៉ាងដូចម្តេច  យើងត្រូវការអរព្រះគុណព្រះជាម្ចាស់សម្រាប់ការជួយទាំងស្រុងរបស់ទ្រង់  ហើយ​យើង​ត្រូវការ​សុំ​ព្រះជាម្ចាស់ជួយ​ឲ្យយើង​យល់​កាន់តែ​ស៊ីជម្រៅ និងជួយឲ្យយើងមានការកោតសរសើរចំពោះជំនួយទាំងស្រុងរបស់ព្រះអង្គកាន់តែស៊ីជម្រៅថែមទៀត។ បើលោកអ្នកមិនធ្វើបែបនេះទេ  នោះលោកអ្នកនឹងចាប់ផ្តើមមិនសូវឲ្យតម្លៃទៅលើ​ជំនួយទាំងស្រុងដែលមកពីព្រះជាម្ចាស់ឡើយ  ហើយ​ទ្រង់នឹងលែងជាព្រះអង្គសង្គ្រោះដ៏អស្ចារ្យនៅក្នុងជីវិតលោកអ្នកទៀតហើយ។ ហើយបន្ទាប់មក  បណ្តាព្រះក្លែងក្លាយទាំងឡាយនឹងចាប់ផ្តើមបញ្ចូល​អំណាចរបស់ពួកវាទៅក្នុងជីវិតរបស់លោកអ្នកឡើងវិញ។ ហើយបន្ទាប់មក  លោកអ្នកនឹងកាន់តែត្រូវបោកបញ្ឆោតឲ្យធ្វើជាទាសករពួកវា  ជាជាងការមានទំនុកចិត្តដោយបន្ទាបខ្លួនក្នុងនាមជាកូនដែលព្រះជាម្ចាស់បានសង្គ្រោះ។ ហេតុដូច្នេះហើយបានជាសាវ័កប៉ូល រំលឹក​គ្រិស្តបរិស័ទ​នៅក្រុមជំនុំអេភេសូ​អំពី​ការជួយទាំងស្រុង​របស់​ព្រះ​ជាម្ចាស់សម្រាប់​រាល់តម្រូវការ​ទាំងអស់​របស់​ពួកគេ! 

របៀបទទួលការជួយទាំងស្រុងរបស់ព្រះជាម្ចាស់    

ប៉ុន្តែមុនពេលលោកអ្នកអាចចងចាំបាននិងអរ​ព្រះ​គុណ​ព្រះជាម្ចាស់​សម្រាប់ការជួយ​​ទាំង​ស្រុងរបស់ទ្រង់  លោកអ្នកត្រូវតែទទួលការជួយទាំងនោះជាមុនសិន។ ពេលលោកអ្នកមាន​តម្រូវការផ្សេងៗ  តើលោក​អ្នកត្រូវ​ធ្វើដូចម្តេច​ ​​ដើម្បី​ទទួលបានការជួយទាំងស្រុង​ពី​ព្រះជាម្ចាស់? តើលោក​អ្នក​ត្រូវ​បំពេញ​លក្ខខណ្ឌ​អ្វី​ដើម្បី​ទទួល​បាន​ការជួយទាំងស្រុង​ពី​ព្រះជាម្ចាស់? នោះ​គឺជា​អ្វី​ដែល​សាវ័កប៉ូល បាន​ពន្យល់​នៅ​ក្នុងជំពូក ២:៨-១០។ ព្រះ​ជាម្ចាស់ប្រទានការជួយ​ទាំង​ស្រុង​របស់ទ្រង់​ជា ​«អំណោយ» ដល់យើង «ដោយព្រះគុណរបស់ទ្រង់» ដែលទ្រង់ប្រទានឲ្យដោយពេញចិត្តដល់យើងដែលមិនសមនឹងទទួលបាន។ ហេតុផលក្នុងការប្រទានអំណោយនេះមិនពាក់ព័ន្ធ ទៅនឹងភាពស័ក្ដិសមរបស់អ្នកទទួលនោះទេ។ ហេតុផលស្ថិតនៅលើ​សេចក្តីស្រឡាញ់ ទាំងស្រុង  របស់ព្រះជាម្ចាស់ដែល​ប្រទានឱ្យយើង។ តាមបទពិសោធន៍ជាទូទៅរបស់យើងនៅក្នុងពិភពលោកនេះគឺ ​បើអំណោយនេះមើលទៅដូចជា ល្អហួសពីការពិត  អ៊ីចឹងអំណោយនោះប្រហែលជាហួសពីការពិត  ពិតមែន​។ ប៉ុន្តែ ព្រះជាម្ចាស់​បាន​ប្រទាន​អំណោយ​​ដ៏អស្ចារ្យ​ជាង​នេះដល់​យើង​ គឺ៖ ទ្រង់ប្រទានអំណោយ​នៃការសង្គ្រោះដល់យើង (ឧទាហរណ៍ អេភេសូ ២:៤-៧)។ ហេតុ​ផលមួយ​ដែល​ជាការពិបាកក្នុងការ​ទទួល​ជំនួយ​ទាំងស្រុង​ពី​ព្រះជាម្ចាស់​គឺ  យើងត្រូវដាក់ការសង្ស័យ និងការភ័យខ្លាចថានឹងមានការខកចិត្ត ឬ​ត្រូវ​បាន​ទាញ​យកផល​ប្រយោជន៍ពីយើង  ឲ្យនៅដោយឡែក  ហើយ​ទុកចិត្តថា​​ការប្រទានឲ្យ​របស់​ព្រះ​ជាម្ចាស់គឺជាការ​ពិត។ នោះហើយជាអ្វីដែលមានន័យថា «ជឿ»។ គឺមានន័យថា ដាក់ការទុកចិត្តរបស់លោកអ្នក លើបំណងព្រះហឫទ័យដ៏សប្បុរសរបស់ព្រះអង្គដែលប្រទានឲ្យ និងទទួលយក អំណោយ​ដែលទ្រង់ប្រទានឲ្យនោះ។ ហេតុ​អ្វី​បាន​ជា​លោកអ្នក​អាច​ទុក​ចិត្តលើបំណងព្រះហឫទ័យដ៏សប្បុរសរបស់ព្រះជាម្ចាស់? ពីព្រោះទ្រង់បានបង្ហាញបំណងព្រះហឫទ័យដ៏សប្បុរសរបស់ទ្រង់ដោយបានប្រទានព្រះរាជបុត្រារបស់ទ្រង់ផ្ទាល់ដើម្បីជួយសង្គ្រោះលោកអ្នក (រ៉ូម ៨:៣២)។ នេះ​ជា​អត្ថន័យដែលព្រះយេស៊ូ បានមានបន្ទូលថា  យើងត្រូវតែធ្វើដូចជាកូនក្មេងដើម្បីចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ (ម៉ាកុស ១០:១៥)។ នៅពេលដែលលោកអ្នកឲ្យអំណោយមួយដល់កូនតូចរបស់ខ្លួននៅពេលបុណ្យណូអែល  តើកូនតូចនោះឆ្លើយតបបែបណា? តើគេបានសួរលោកអ្នកដែរឬទេថា  ​តើប៉ាចង់បានអ្វីពីកូនវិញ? តើគេសួរលោកអ្នកដែរឬទេថា  សម្រាប់អំណោយនេះ  តើប៉ានឹងកាត់លុយប៉ុន្មានពីលុយដែលប៉ានឹងឲ្យខ្ញុំ? តើគេបានរំលឹកលោកអ្នកពីការល្អដែលគេបានធ្វើកន្លងមក និងសន្យាថានឹងធ្វើការល្អនោះបន្តទៀតដែរឬទេ? អត់ទេ  គេទុកចិត្តលើបំណងល្អរបស់លោកអ្នក ហើយទទួលយកនូវការបង្ហាញពីសេចក្តីស្រឡាញ់របស់លោកអ្នក  ហើយគេបើកមើល រួចមានអំណរសប្បាយចំពោះអំណោយរបស់លោកអ្នក!

​ដើម្បី​បញ្ជាក់ឱ្យ​ប្រាកដ​ថា​យើង​យល់​ពី​អត្ថន័យ​នេះ ខ្ញុំ​សូម​ពន្យល់ឲ្យកាន់តែច្បាស់​បន្ថែម​ទៀតថា៖  ​​

  • សូមកុំពឹងផ្អែកលើអំពើល្អរបស់លោកអ្នក ​(សីលធម៌ ឬសាសនា) ដើម្បីទទួលបានការទទួលស្គាល់ពីព្រះជាម្ចាស់៖ សូមទទួលស្គាល់ភាពមិនស័ក្តិសមរបស់លោកអ្នក ហើយពឹងផ្អែកលើការសុគតរបស់ព្រះយេស៊ូ ដើម្បីផ្តល់ឱ្យ លោកអ្នកនូវការទទួលស្គាល់ពីព្រះជាម្ចាស់​ (អេភេសូ ២:៩ក)។
  • សូមកុំព្យាយាមធ្វើជីវិតរបស់លោកអ្នកឲ្យបានប្រសើរ  រួចទើបចូលមករកព្រះគ្រិស្ត។ ​សូមចូលមក​រក​ព្រះគ្រីស្ទ  ​តាមលក្ខណៈដែលលោក​អ្នកត្រូវបានបង្កើតមក​  ហើយ​អនុញ្ញាត​ឱ្យ​ទ្រង់​ផ្លាស់ប្រែ​ជីវិត​របស់លោក​អ្នក។ អេភេសូ ជំពូក ២:១០ បានចែងថា៖  ព្រះជាម្ចាស់បានបង្កើតយើងជាថ្មីនៅក្នុងព្រះគ្រិស្ត--មានន័យថា  ព្រះ​ជាម្ចាស់គឺជាអង្គ​ដែល​នាំមកនូវបម្លាស់ប្រែ បន្ទាប់ពី ​យើង​ចូលមក​រក​ព្រះ​គ្រិស្ត។ ទ្រង់ គឺជាអង្គ​ដែល​នាំមកនូវបម្លាស់ប្រែ បន្ទាប់ពី ​យើង​ចូលមក​រក​ព្រះ​គ្រិស្តតាមលក្ខណៈដែលយើងត្រូវបានបង្កើតមក។​
  • សូមកុំធ្វើឲ្យគេសរសើរថា  ការសង្គ្រោះរបស់លោកអ្នកបានមកដោយខ្លួនឯងឲ្យសោះ  តែសូមធ្វើឲ្យគេសរសើរដល់ព្រះយេស៊ូវិញ​ (អេភេសូ ២:៨ខ, ៩ខ)។ នឹងមានមនុស្សគ្រប់ប្រភេទនៅឯស្ថានសួគ៌ដែលមកពីភូមិសាស្រ្តផ្សេងៗ  មកពីជនជាតិផ្សេងៗ  និងមកពីយុគសម័យប្រវត្តិសាស្ត្រផ្សេងៗគ្នា។​ ប៉ុន្តែនឹងគ្មាននរណាម្នាក់និយាយថា «ព្រះជាម្ចាស់ និងខ្ញុំបានធ្វើការដ៏អស្ចារ្យដើម្បីនាំខ្ញុំមកទីនេះឡើយ!»។ ផ្ទុយទៅវិញ  គ្រប់ៗគ្នានៅឯស្ថានសួគ៌​​នឹង​ត្រូវ​​​ភ្ញាក់ផ្អើលពីព្រះគុណដ៏អស្ចារ្យរបស់​ព្រះជាម្ចាស់​​  ​ទោះ​បី​ជាយើងស័ក្តិ​សម​នឹង​ទៅ​ស្ថាននរក​យ៉ាង​ណា​ក៏​ដោយ។ អ្វី​ដែល​មាន​សេរីភាព​បំផុត​ក្នុង​ជីវិត​គឺ​  ត្រូវលះបង់​​ការចង់ឲ្យគេសរសើរចេញ  ហើយត្រូវ​តែ​ថ្វាយការសរសើរទាំងអស់ដាច់ដល់​ព្រះជាម្ចាស់ និង​ទទួលយកអំណរសប្បាយចំពោះ​សេចក្តី​សប្បុរស​របស់​ទ្រង់។ ហើយ​វិធី​ដើម្បី​ចាប់ផ្តើម​ទទួលយក​ជំនួយទាំងស្រុង​ពី​ព្រះជាម្ចាស់​  មានលក្ខណៈដូចគ្នាទៅ​នឹងទង្វើបែប​សនេះដែរ៕